តុលាការខ្មែរក្រហម ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ

FN ៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ​មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ។ បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ បានចាត់តាំងអ្នកជំនាញវេជ្ជសាស្ត្រ២រូបឲ្យពិនិត្យវាយតម្លៃ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដើម្បីកំណត់ថា តើពួកគាត់នៅតែមាន សម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការក្នុងសំណុំរឿង ០០២/០២ ដែរ ឬ​ទេ កាលពីនៅថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​២០១៨កន្លងទៅ។ បន្ទាប់ពីបាន​ពិនិត្យរបាយការណ៍វេជ្ជសាស្ត្ររួច អង្គជំនុំជម្រះសាលាដំបូង បញ្ជាក់ថា ជនជាប់ចោទទាំង២នៅតែមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ និងពុំមានការចុះខ្សោយផ្នែកបញ្ញា ស្មារតី ឬ​រាងកាយ ដែលរារាំងមិនឲ្យពួកគាត់បន្តចូលរួមដំណើរការសវនាការនៃសំណុំរឿង ០០២/០២​នេះ​ឡើយ។ អង្គជំនុំជម្រះសាលាដំបូងកត់សម្គាល់លើអនុសាសន៍របស់អ្នកជំនាញ ដែលណែនាំឲ្យមានការត្រួតពិនិត្យជាទៀងទាត់ លើមុខងារបញ្ញាស្មារតីរបស់ជនជាប់ចោទ។